ខេត្តសៀមរាប៖លោក សូរ ប្លាតុង សមាជិកគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបនិង ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបាគង បានណែនាំឲ្យសមាជិករបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
លោកសូរ ប្លាតុង បានលើកឡើងថាកិច្ចការស្នូលរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ ជាមួយសមាជិកបក្សរបស់ខ្លួន នៅក្នុងមូលដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនត្រូវទុកឱ្យពួកគាត់ចោលឡើយ។ ក្នុងនោះត្រូវចុះមូលដ្ឋានឲ្យបានញឹកញាប់ ដើម្បីដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាដោះស្រាយជូនពួកគាត់។ ជាមួយគ្នានេះដែរ ត្រូវពង្រឹងឲ្យបាននូវការសាមគ្គីសមាជិកបក្ស ដើម្បីទទួលបានការគាំទ្រកាន់ច្រើន។ លោកក៏បានលើកឡើងពីចំណុចខ្លាំង ចំណុចខ្សោយដើម្បីដាស់តឿនរំលឹកដល់សមាជិកត្រូវអនុវត្តឲ្យបាននូវការគាំទ្រច្រើនពីប្រជាពលរដ្ឋដើម្បីឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ខាងមុខ។
លោកសូរ ប្លាតុង ថ្លែងណែនាំដល់សមាជិកយ៉ាងដូច្នេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ០៥ខែសីហាឆ្នាំ ២០២១នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកណ្ដែក ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីអំពីការពង្រឹងពង្រីកសមាជិកបក្សជួយភូមិត្រាងនិងភូមិអូរ។
សូមជម្រាបថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារបក្សចុះជួយឃុំកណ្តែក ប្រធានក្រុមការងារចុះជួយភូមិត្រាងនិងភូមិអូរ មេឃុំកណ្ដែក និងសមាជិក ចូលរួមជិត២០នាក់ផងដែរ៕SRP