ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ព្រឹកមិញនេះ បានអញ្ជើញចុះពិនិតការស្ថាបនាផ្លូវបេតុងអាមេ ២ខ្សែ ប្រវែងជាង១៥០០ ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្នុងដំណើរអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវខាងលើនេះ លោកអ៊ុន ចាន់ដា បានធ្វើការសាកសួរសុខទុក្ខ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ឲ្យចូលរួមជាមួយអាជ្ញាធរ ដេីម្បីបន្តការអភិវឌ្ឍន៍ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ ជាមួយការស្ថាបនាផ្លូវនេះ ប្រជាពលរដ្ឋ ពិតជាមានការត្រេកអរជាខ្លាំង បេីទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការស្ថាបនាពីផ្លូវដី ទៅជាផ្លូវបេតុងនេះ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។
មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង មួយ ខ្សែ ទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ស្ថាបនា លូរំដោះទឹក ប្រវែង ជាង ១០០០ ម៉ែត្រ និង លូ ដែល ត្រូវ ជួសជុល ប្រវែងជាង ៤០០ ម៉ែត្រ។
លោកបានថា គម្រោងស្ថាបនាផ្លូវនេះ គឺជាគម្រោង ស្ថាបនា តទៅ ក្នុង ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
មន្ត្រីបច្ចេកទេសដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ អ៊ុន ចាន់ដា តែងតែបាន ចុះពិនិត្យរាល់ពេល មានជំនន់ទឹកភ្លៀង ក្នុងភូមិ មួយចំនួន នៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រ ដោះស្រាយ។ ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ននេះ បានអភិវឌ្ឍ ស្ថាបនាផ្លូវបេតុងអាមេ និង ស្ថាបនា លូរំដោះទឹក ដើម្បី បញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងដូច ឆ្នាំមុនៗទៀត៕SRP