អភិបាលខេត្តកំពង់ចាម​ ប្រគល់ផ្ទះមនុស្សធម៌ទី៣​ ជូនស្ត្រីមេម៉ាយម្នាក់​ នៅស្រុកបាធាយ

អភិបាលខេត្តកំពង់ចាម​ ប្រគល់ផ្ទះមនុស្សធម៌ទី៣​ ជូនស្ត្រីមេម៉ាយម្នាក់​ នៅស្រុកបាធាយ

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី​០៤​ ខែសីហា​ ព្រឹកមិញនេះ​ បានអញ្ជើញប្រគល់ផ្ទះទី៣ ដែលជាកម្មវិធីមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត ជូនគ្រួសារស្ត្រីមេម៉ាយ ក្រលំបាកម្នាក់ ឈ្មោះ ឆែ អ៊ូ អាយុ៤៥ឆ្នាំ រស់នៅ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានក្រើនរំលឹក ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនឲ្យបានជាប្រចាំ ហើយត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយផ្ដើមចេញពីបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំង អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ចាំបាច់ ត្រូវតែយកចិត្តទុកដាក់អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវ​វិធានការ​ ៣ការពារ ៣កុំ ដើម្បីចៀសផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ។

សូមជម្រាបថា​ ដោយមេីលឃើញនូវលទ្ធភាពខ្សត់ខ្សោយ ចំពោះ​គ្រួសារនេះ លោក អ៊ុន ចាន់ដា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង ជូនស្រ្តីមេម៉ាយ សម្រាប់ស្នាក់នៅ ហេីយ​ក៏​បាន​ផ្ដល់​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារ​មួយ​ចំនួន​ផងដែរ​៕SRP