លោកអ៊ុន ចាន់​ដា ណែនាំ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង-ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះ

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំងនឹង​ជម្ងឺ​កូ​វីដ១៩ បាន​ណែនាំ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុង-ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះ។

ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​ចូលរួម​ជាមួយ លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដឹកនាំ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ស្តីពី “​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ​” នៅ​សាលប្រជុំ​សាលាខេត្ត នៅថ្ងៃទី​០២ ខែសីហា ឆ្នាំ ២០២១នេះ។

លោកអ៊ុន ចាន់​ដា បានថ្លែងថា​ ដោយ​ផ្អែក​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង​ថែទាំ​ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ នៅតាម​ផ្ទះ គឺ​តម្រូវ​ឲ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ត ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ ១៩ តាម​ផ្ទះ។ រីឯ​រដ្ឋបាល​ក្រុង​-ស្រុក ក៏ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ នៅ​ថ្នាក់ក្រុង​/​ស្រុក ដើម្បីគ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នក​ជម្ងឺ​កូ​វីដតាម​ផ្ទះផងដែរ។

អភិបាលខេត្តបានបញ្ជាក់ដែរថា ការព្យាបាល​អ្នក​ជម្ងឺ​កូ​វីដ តាម​ផ្ទះ​នេះ គឺ​ដើម្បីជួយ​កាត់បន្ថយ បន្ទុក​រដ្ឋាភិបាល ហើយ​ការព្យាបាល តាម​ផ្ទះ គឺ​ធ្វើទៅបាន សម្រាប់តែ​អ្នក​ជម្ងឺ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា ប៉ុណ្ណោះ។ ដូច្នេះ យើង​ត្រូវបង្កើត​ក្រុមគ្រូពេទ្យ នៅតាម​បណ្តា​​ក្រុង-ស្រុក មួយក្រុម មាន​សមាភាព​ចំនួន១០​នាក់ ដើម្បីចុះ​តាម​មូល​ដ្នា​ន អាស្រ័យទៅលើ​​ក្រុង-ស្រក នីមួយៗ ដែលមាន​ចំនួន​ប្រជា​ពល​រដ្ន នៅក្នុង​មូល​ដ្នា​ន​របស់ខ្លួន ផងដែរ៕SRP