ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ នៅព្រឹកមិនេះ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាសម្ភារ និងភេសជ្ជៈ របស់រដ្ឋបាលខេត្ត ប្រគល់ជូនក្រុមគ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យមេគង្គ និងវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម។
គួររំលឹកថា បន្ទាប់ពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចយកអតីតសណ្ឋាគារមេគង្គ ប្រែក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតធ្ងន់។ ចំណែកវិទ្យាល័យព្រះសីហនុ ធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតស្រាល។ បច្ចុប្បន្ន មណ្ឌលព្យាបាលជម្ងឺទាំង ២កន្លែង នេះ កំពុងទទួលការព្យាបាលអ្នកជម្ងឺ យ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។
បើតាមមន្ត្រីរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អំណោយ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ ដោយក្នុងមួយមន្ទីរពេទ្យ ទទួលបាន៖ ទឹកក្រូចចំនួន ២៥កេស ជែលលាងដៃចំនួន ៥កេស និងម៉ាស ចំនួន ១៥.០០០ម៉ាស៕SRP

