អាជ្ញាធរខេត្តកំពង់ចាម​ សំណូមពរព្រះសង្ឃ​ជួយផ្សព្វផ្សាយ រំឭកដល់​ពុទ្ធបរិស័ទ​ ​ឲ្យខិតខំ ថែទាំសុខភាព​​

0

ខេត្តកំពង់ចាម​៖ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ុន ចាន់ដា បាន​ថ្លែងសំណូមពរ​ដល់​ព្រះចៅ​អធិការវត្ត​គ្រប់​វត្ត​ សូម​ជួយ​ផ្សព្វផ្សាយ​រំឭកដល់​លោកយាយ​ លោកតា​ ពុទ្ធបរិស័ទ​ទាំងអស់​ ត្រូវ​​ខិតខំ​​យកចិត្តទុកដាក់​ ក្នុងការថែទាំសុខភាព​ ឲឲ្យចៀសផុតពីការ​ឆ្លង​​ជំងឺ​កូវីដ​។

លោកថ្លែងសំណូមពរនៅព្រឹកមិញនេះក្នុង​ឱកាស​នាំយកទៀន​ចំណាំ​ព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ចំនួន​៤វត្ត​ ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុង​សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោក អ៊ុនចាន់ដា អភិបាលខេត្តបាន​បញ្ជាក់​ថា​ ដោយ​បច្ចុប្បន្ន​ជំងឺ​ឆ្លង​រាតត្បាត​នេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ​ សម្រាប់​ក្នុង​ខេត្តកំពង់ចាម​ តួរលេខ​អ្នក​ស្លាប់​បានកេីនឡេីង​ដល់​៥៦នាក់​ហេីយ​​។​ ដដើម្បីចៀសផុតពីជំងឺនេះ យើងទាំងអស់គ្នា ត្រូវចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ ដោយការថែរក្សាសុខភាព ជាពិសេស ការអនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​។

គួរបញ្ជាក់ថា ទៀនចំណាំព្រះវស្សា និងទេយ្យទាន​វេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ១កញ្ចប់​ អង្ករ​ ២០០គីឡូក្រាម​ មី​ ១០កេស​ ទឹក​បរិសុទ្ធ​ ​៥កេស​ ទឹកក្រូច​ ៥កេស ត្រីខ​ ១កេស​ ទឹកត្រី​ ៥យួរ​ ទឹកស៊ីអ៉ីវ​ ៥យួរ​ ទឹកដោះគោខាប់​ ១កេសធំ​ ​​ ស្ករស​ ៥គីឡូក្រាម​ តែ​ ៥កញ្ចប់​ ចង្ហាន់​ ១ស្រាក់​ ផ្លែឈើ​ ១កន្ត្រក​ និងបច្ច័យ ១.៧០០.០០០រៀល​៕SRP