លោកខៀវ កាញារីទ្ធ បើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ នៅក្នុងស្រុកកោះសូទិន

0

ខេត្ត​កំពង់ចាម​៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកកោះសូទិន នៅថ្ងៃទី១៥ ខែកក្កដា ព្រឹកមិញនេះបាន​អញ្ជើញ​បើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩​ នៅសាលាបឋមសិក្សាជីហែ ស្រុកកោះសូទិន១។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា នេះជាទិសដៅនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាក់ ជូនប្រជាជន អោយបាន ប្រមាណ ពី ៧០ ទៅ ៨០ ភាគរយ ដេីម្បីអាចទប់ទល់ជាមួយជំងឺនេះបាន។ សូមបងប្អូន ទាំងអស់ដែលគ្រប់អាយុ ១៨ ឆ្នាំ សូមមកធ្វេីការចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះជំងឺនេះ សាហាវ និងមានការឆ្លងលឿនណាស់ ហេីយមេរោគ វាចូលស៊ីដល់ក្នុងសួត ដែលអាចធ្វេីឲ្យមនុស្សស្លាប់។ ដូច្នេះយេីងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត កុំអោយមាន ការឆ្លងនូវ ជំងឺកូវីដ។ ជាពិសេសចំពោះមនុស្សចាស់ ត្រូវមានការ ការពារអោយបានខ្លាំង បំផុត ក្នុងនោះអ្នកធ្លាប់កេីតជំងឺសួត ទឹកនោមផ្អែម អ្នកមានគីឡូហួសទម្ងន់របស់ខ្លួន នីមួយៗ គឺជាមុខសញ្ញាដែលត្រូវចៀសកុំអោយឆ្លងជំងឺនេះ បេីមិនដូច្នេះទេពិតជាលំបាកហេីយ។

រដ្ឋមន្រ្តី បានលេីកឡេីងទៀតថា នៅបណ្តាប្រទេសមួយចំនួនដែល មានការ ឆ្លងជំងឺកូវីដច្រេីន ហេីយអ្នកដែលមានអាយុលេីសពី ៦៥ ឆ្នាំ គឺគេទុកចោលដោយសារខ្វះ លទ្ធភាពក្នុងការ​សង្គ្រោះ​ ហើយម៉ាស៊ីនជំនួយដង្ហេីម និងព្យាបាលមានចំនួនតិច ដោយគេទុកសម្រាប់តែការព្យាបាលក្មេងៗប៉ុណ្ណោះ។ ដូច្នេះហេីយ អ្វីដែលសំខាន់នោះ​ គឺការថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស ប្រជាពលរដ្ឋ ត្រូវទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដទាំងអស់គ្នា ហើយកុំ គិតថា ការចាក់វ៉ាក់សាំងទាំង ២ ដូសរួច មិនឆ្លងជំងឺកូវីដអោយសោះ គឺនៅតែឆ្លង ដដែល បេីសិនជាយេីងគ្មានវិធានការ ការពារខ្លួនទេនោះ​ តែការឆ្លងនោះអាចព្យាបាលជាសះស្បើយ ប៉ុន្តែយេីងអាចឆ្លងទៅដល់ក្រុមគ្រួសារ និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង យ៉ាងឆាប់រហ័ស ហើយបង្ករគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

តាម​រយៈ​នេះ​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ជូនពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដនេះ ដោយក្នុងរយៈពេល កន្លងមកនេះបានចំណាយថវិកា អស់រាប់រយលានដុល្លា ដេីម្បីជួយដល់ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ក៏ដូចជាជួយដល់ កម្មករ កម្មការនី រោងចក្រ កាត់ដែរ ថែមទៀតផងដែរ។

លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បាននាំយកនូវអំណោយជូនដល់ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ដែលរួមមាន អាកុល ៧ កាន ម៉ាស៥ ពាន់ម៉ាស អាវពេទ្យ ៥ កេស ស្រោមដៃ ៧០ ទឹកសុទ្ធ ៣៥ កេស និងថវិកា ១ លានរៀល។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានអញ្ជេីញទៅជួបសាកសួរសុខទុក្ខ ជាមួយមន្រ្តីសាលាស្រុក កោះសូទិន មួយចំនួន ដែលកំពុងជាប់ធ្វេីចត្តឡីស័ក ក្នុងសាលាស្រុក និងប្រជាពលរដ្ឋផ្ទះចំនួន ៥១ គ្រួសារ ដោយនាំយកនូវអំណោយចែកជូន ដូចជាទឹកត្រី ទឹកស៊ីអ៉ីវ មី និងត្រីខ ដេីម្បី ទុកផ្គត់ផ្គង់ជីវភាពក្នុងពេលកំពុងចត្តាឡីស័ក១៤ថ្ងៃ​ផងដែរ​៕SRP