ខេត្តកំពង់ចាម៖ក្នុងឱកាសបេីកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំឡេីង នៅស្រុកចំការលេី នៅព្រឹកមិញ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងស្រុកចំការលេី ស្ទឹងត្រង់ កងមាស ស្រីសន្ធរ និងកោះសូទិន ឲ្យចូលរួមជាមួយអាជ្ញាធរ ក្នុងការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតខ្លួន ដេីម្បីកុំឲ្យជំងឺនេះប៉ះពាល់ដល់គ្រួសារ សហគមន៍ និងសេដ្ឋកិច្ច ខណៈក្រុមគ្រូពេទ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់ពីក្រសួងសុខាភិបាល។
លោកអ៊ុន ចាន់ដា បានថ្លែងថា បច្ចុប្បន្នខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៣០០០នាក់ និងមានអ្នកស្លាប់បាត់បង់ជីវិត ៥៤នាក់ ទន្ទឹមនឹងនោះក៏មានការព្យាបាលជាសះស្បើយជាង២០០០នាក់។ ចំពោះមូលហេតុដែលនាំឲ្យមានការឆ្លងច្រើននេះ ដោយសាររោងចក្រកាត់ដេរមានការប្រមូលផ្ដុំគ្នា ការធ្វើដំណើរតាមរថយន្តរួមគ្នា និងការរស់នៅហូបចុកជាមួយគ្នា។ ជំងឺកូវីដ-១៩ មិនត្រឹមតែឆ្លងទៅដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍នោះទេ គឺឆ្លងទៅដល់សមត្ថកិច្ច និងក្រុមគ្រូពេទ្យពេលបំពេញការងារផងដែរ។
អភិបាលខេត្ត បានថ្លែងបន្តថា ដោយមានការគិតគូរពីសុខទុក្ខចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយថ្នាក់ជាតិ សម្រាប់ពលរដ្ឋក្នុង ខេត្តកំពង់ចាម បន្ទាប់ពីពលរដ្ឋនៅឯរាជធានីភ្នំពេញ។ ក្នុងនោះក្រុមគ្រូពេទ្យក៏បានចាក់ជូនប្រជាពលរដ្ឋ នៅក្រុង-ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម ដែលមានក្រុងកំពង់ចាម ស្រុកកំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ សរុបជាង២០ម៉ឺននាក់រួចមកហេីយ។ ទន្ទឹមនោះពលរដ្ឋក្នុងស្រុកចំការលេី ស្ទឹងត្រង់ កងមាស ស្រីសន្ធរ និងកោះសូទិន ប្រមាណជា៣០ម៉ឺននាក់ទៀត នឹងបន្តទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា វ៉ាក់សាំងដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំការលេី មានចំនួនប្រមាណជាង៥ម៉ឺននាក់ តែបេីមានអ្នកស្ម័គ្រចិត្ត លេីសពីចំនួន៥ម៉ឺននាក់ ក្នុងក្របខ័ណ្ឌស្រុកចំការលើ យើងក៏នៅតែធ្វើការចាក់ជូនដោយឥតគិតថ្លៃផងដែរ៕SRP

