ខេត្តសៀមរាប៖លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ពុំមានករណីឈ្មួញលួចកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរនោះទេ។ លោកថាជាករណីមានប្រជាពលរដ្ឋ ខ្វះការយល់ដឹងអំពីច្បាប់ទម្លាប់មួយចំនួន បានកាប់ដើមឈើទាល ១ដើម ប៉ុណ្ណោះ»។
លោកចេញមុខអះអាងនេះបន្ទាប់ពីមានករណីកាប់បំផ្លាញដើមឈើ ដែលបានប្រទះឃើញនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែកក្កដានេះ លោក ឡុង កុសល បញ្ជាក់ថាករណីដែលកើតឡើង នៅថ្ងៃទី១២ ខែកក្កដានោះ ពុំមែនជាករណីកាប់បំផ្លាញព្រៃឈើរាប់រយដើមនោះទេ តែជាករណីប្រជាពលរដ្ឋ ដែលមិនយល់អំពីច្បាប់ ដោយពួកគាត់បានកាប់ឈើ១ដើមតែប៉ុណ្ណោះ។
លោក ឡុង កុសល បានបញ្ជាក់ថា «ករណីហ្នឹង គេមិនមែនហៅករណីកាប់បំផ្លាញ កាប់របៀបដូចឈ្មួញ ដែលធ្វើកាប់រកស៊ីដឹកឈើ រាប់រាយគីប រាប់រយដើម រាប់អីទេ អ្វីដែលកើតមានឡើងហ្នឹង គឺខ្ញុំគិតថា ប្រហែលជាបងប្អូនប្រជាពលរដ្ឋហ្នឹង គាត់មិនយល់អំពីច្បាប់ណា៎ គាត់កាប់ឈើ១ដើម គេហៅថា «ឈើប្រភេទដើមយាង អ្នកស្រុកអង្គរគេហៅថា ដើមយាង អាហ្នឹងជាទូទៅយើងអាច សំគាល់វាថាជាប្រភេទឈើទាលបាទ អាហ្នឹងជារឿងមួយ ដែលបងប្អូនប្រជាពលរដ្ឋយើង គាត់កាប់ ហើយគាត់គេហៅថា ដោយសារតែគាត់មិនបានយល់ អំពីច្បាប់ទម្លាប់អីតែប៉ុណ្ណឹង មិនមែនជារឿងការកាប់ព្រៃទាំងដើម រាប់សិបដើម យកទៅធ្វើជំនួញ យកទៅធ្វើពាណិជ្ជកម្មអីទេបាទ»។
សូមជម្រាបថាហេតុការគេប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សូមរំឮកថាកន្លងមកតែងតែមានករណីកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរ ដូចជាឈើគ្រញូង ជាដើម ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏គេសង្កេតនៅតែមានការលួចកាប់យកបានដោយសុវត្ថិភាព។ ដោយគេពុំដែលឃើញអាជ្ញាធរជាតិអប្សរា ចាប់បានជនប្រព្រឹត្តបានម្ដងឡើយ៕SRP
«លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា»

