ភ្នំពេញ៖លោកតា ដែលមានវ័យ៧០ឆ្នាំ បានចាក់វ៉ាក់សាំងទី៥លាន នឹងទទួលបានថវិកាពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នេះបើតាមទំព័រ page facebook របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិច។
នៅលើគណនី page facebook នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិករ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការ
ចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។
នាយករដ្ឋមន្ត្រីបានបន្តថា៖លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារផ្សេងទៀត ដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។
នាយករដ្ឋមន្ត្រីបានបន្តទៀតថា សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។
នាយករដ្ឋមន្ត្រី ក៏បានសូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជន ដែលនឹងត្រូវចាក់១០លាននាក់៕SRO

