អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំ ករណីអាជីវករធ្វើអាជីកម្ម ពុះដីឡូតិ៍ ដែលគ្មានច្បាប់អនុញ្ញាត

0

ខេត្តកំពង់ឆ្នាំង៖លោកស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាករណីអាជីវករ ធ្វើអាជីកម្មពុះដីឡូតិ៍ដែលគ្មានច្បាប់អនុញ្ញាត។

កិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញដោយមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តទទួលបន្ទុក លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ​ អភិបាលក្រុង ស្រុកទាំង ៨ក្នុងខេត្តផងដែរ។

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
– ផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៍ណែនាំនានា ដើម្បីអាជ្ញាធរ និងជំនាញពាក់ព័ន្ធ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ឲ្យគោរព។
-ជម្រុញការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះគម្រោងអាជីវកម្មនៅទូទាំងខេត្ត។
-ពង្រឹងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ឲ្យអនុវត្តភារកិច្ចក្នុងដែនសម្ថកិច្ចរបស់ខ្លួន (ការផ្តល់សេវា) ឲ្យមានប្រសិទ្ធភាពខ្ពស់ និងដំណើរការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ ឲ្យបានស្របតាមច្បាប់ និងគោលការណ៍។
-សិក្សាពីផែនការយុទ្ធសាស្ត្រក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី នៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដី នៅឃុំ/សង្កាត់ ដើម្បីជម្រុញឲ្យការរៀបចំប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ចំទិសដៅ និងដើម្បីធានាឲ្យ ការអភិវឌ្ឍប្រកបដោយចីរភាព៕SRP