ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរំឭកថា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ «ស្ត្រីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» គឺជាប្រធានបទដ៏មានអត្ថន័យនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១០ ដែលជាការបង្ហាញឱ្យឃើញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ដែលជាបុព្វលក្ខខណ្ឌមិនអាចប្រកែកបានឡើយក្នុងការរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គមជាតិ និងលើឆាកអន្តរជាតិ។
នៅថ្ងៃនេះ សម្តេចហ៊ុន សែន បានថ្លែងអបសារអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២១ លើកទី១១០ និងជូនពរស្ត្រី កម្ពុជាទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខសុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន ពិសេសសូមបងប្អូនជនរួមជាតិថែរក្សាសុខភាពកុំឱ្យឆ្លងជំងឺកូវីដ-១៩។
សម្ដេចហ៊ុន សែន ថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកនូវការតស៊ូ និងគំរូវីរភាពរបស់ស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា៕SRP

