សូមអបអរសាទរ គ្រួសារ១ នៅខេត្តសៀមរាប ទទួលបានដីនិងផ្ទះ ពីអង្គការគោសប្បុរសដើម្បីកម្ពុជា

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក ចាប សូវៀត នៅថ្ងៃសៅរិ៍ទី០៦ ខែមីនា ឆ្នាំ២០២១ នេះបានទទួលផ្ទះមួយខ្នងទំហំ៤គុណ៥ធ្វើពីអំពីឈើប្រក់ស័ង្កសី ពីអង្គការគោសប្បុរសដើម្បីកម្ពុជា។

នាយកប្រតិបត្តិអង្គការគោសប្បុរសដើម្បីកម្ពុជា(Cows for Cambo dia) លោក ចាន់ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីក្រុមការងាររបស់អង្គការគោសប្បុរសដើម្បីកម្ពុជា បានចុះមកឃើញស្ថានភាពគ្រួសារគាត់ មានការលំបាកគ្មានដីគ្មានផ្ទះសម្រាប់ នៅដោយសុំដីគេចងតង់សម្រាប់នៅបណ្តោះអាសន្ននោះ អង្គការគោសប្បុរសដើម្បីកម្ពុជា ក៏បានសម្រេចទិញដី និងធ្វើផ្ទះជូនគ្រួសារគាត់ដែលជាផ្ទះទី២៤។ ហើយសម្រាក់ការចំណាយទាំងអស់ទាំងការចាក់ដី និងការសាងសង់ គឺខាងអង្គការជាអ្នកចំណាយទាំងអស់។

លោកបញ្ជាក់ថា អង្គរគោសប្បុរសដើម្បីកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ ជាច្រើនដូចជាការជួយធ្វើផ្ទះ ចែកអង្ករ និងការចិញ្ចឹមសត្វគោ និងសត្វពពែរ គឺក្នុងន័យមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត តាមរយៈឱ្យប្រជាពលរដ្ឋ ខ្ចីសត្វគោយកទៅចិញ្ចឹម យកកូនធ្វើពូជបន្ត មានន័យថា អង្គការផ្តល់មេគោ ទៅឱ្យប្រជាពលរដ្ឋចិញ្ចឹម ពេលបានកូនមួយ អង្គការយកមេគោមកវិញ ដោយទុកកូនគោឱ្យប្រជាពលរដ្ឋធ្វើពូជ។ លោកបានបន្តថា ចំពោះសត្វពពែរបើប្រជាពលរដ្ឋណាដែលមានដីទំនេរ ហើយចង់ចិញ្ចឹាមសត្វពពែរ គឺខាងអង្គការនិងផ្តល់ជូនដូចគ្នាដែរ។

បើតាមលោក ប្លោក ចាម ជំទប់ទី១ឃុំរលួស ខេត្តសៀមរាប បានឱ្យដឹងដែរថា គ្រួសារ លោក ចាប សូវៀត ពិតជាមានស្ថានភាពក្រីក្រមែនកន្លងមកនេះ អាជ្ញាធរឃុំតែងតែជួយដល់គ្រួសារគាត់ជាបន្តបន្ទាប់។ ហើយគ្រួសារនេះ ក៏បានទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល នៅក្នុងអំឡុងនៃការជួបវិបត្តិកូវិដផងដែរ។
លោកក៏បានកោតសរសើរ ដល់អង្កការគោសប្បុរសដើម្បីកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋ ចំគោលដៅដែលពួកគាត់កំពុងមានតម្រូវការចាំបាច់។

លោក ចាប សូវៀត បានថ្លែងអំណរគុណដល់អាជ្ញាធរនិងអង្គការ ដែលបានជួយដល់គ្រួសារលោកនៅពេលនេះ ជួយឱ្យគាត់មានដីមានផ្ទះរស់នៅសមរម្យនិងគេ៕SRP