ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីរដ្ឋបាលខេត្ត ទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ១៩ ពីរាជរដ្ឋាភិបាល កម្ពុជា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ ការពារជំងឺ នៅមន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។
អភិបាលខេត្ត ក៏បានណែនាំក្រើនរំលឹកដល់អ្នកដែលបាន ទទួលវ៉ាក់សាំង ការពារ រួចហើយក៏ដោយក្តី តែចំណុច៣យ៉ាង ត្រូវប្រតិបត្តិ និង៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្តន៍ ដើម្បីរួមគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវនេះ។
បើតាមលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ឲ្យដឹងថា វ៉ាក់សាំងដែល រាជរដ្ឋាភិបាលកម្ពុជាផ្តល់ឲ្យមក រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈ ក្រសួងសុខាភិបាលនាពេលនេះមាន ចំនួន៥០០០ដូស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេនោះ៕SRP

