ខេត្តបាត់ដំបង៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា អេស្ការចំនួន២គ្រឿង បានកំពុងធ្វើសកម្មភាព កាយយក អាចម៍ដីលក់ ដោយខុសច្បាប់ ដែលមានជម្រៅជាង១០ម៉ែត្រឯណោះ ដើម្បីយកទៅចាក់បំពេញដីឡូតិ៍។ករណីនេះមន្ត្រីជំនាញរ៉ែនិងថាមពល ថា អត់«ទាន់ដឹងទេ»។ ទីតងគ្រឿងចក្រដែលកាយអាចម៍ដីដោយខុសច្បាប់នេះ ស្ថិតនៅត្រង់ចំណុចភូមិព្រៃផ្តាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
បណ្ដាញសៀមរាបប៉ុស្តិ៍ បានដកស្រង់សំដីពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ ថា គ្រឿងចក្រ ដែលកំពុងកាយយកអាចម៍ដី នេះ គឺបានចូលមកកាយ មានរយ:ពេល ជិត២០ថ្ងៃមកហើយ ដោយដឹកជញ្ជូនលក់ ចាប់ពីពេលព្រឹក រហូតដល់ល្ងាច។
ជុំវិញការកាយដីលក់នេះ លោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់ថា ចំពោះគ្រឿងចក្រ ដែលកំពុង ធ្វើសកម្មភាពកាយរណ្តៅដី នោះ លោកពុំបានដឹងនៅឡើយទេ។ លោកថានឹងចាត់ឲ្យមន្ត្រីជំនាញ ចុះផ្អាកសកម្មភាពជាបន្ទាន់។
បើតាមប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានបញ្ជាក់ថា គ្រឿងចក្រ នោះ គឺមិនទាន់មានលិខិតអនុញាត្ត នោះទេ។
ទោះជាយ៉ាងណា មិនទាន់ទទួលបានការបកស្រាយ បំភ្លឺពីម្ចាស់គ្រឿងចក្រ នៅឡើយទេជុំវិញករណីនេះ៕SRPដោយប៊ុន ថេត

