ដោះលែង មេឈ្មួញបំផ្លាញព្រៃឈើ ឧកញ៉ា គង់ ក្រឹង មកផឹកតែយ៉ាងរំភើយ

ភ្នំពេញ៖មានការលើកឡើងថា អតីតមេឈ្មួញឈើដ៏ល្បីល្បាញ ឈ្មោះនៅស្រុកស្នួល ខេត្តក្រចេះ ឧកញ៉ា គង់ ក្រឹង ត្រូវបានតុលាការខេត្តក្រចេះ ដោះលែង ឱ្យមានសេរីភាពវិញហើយ កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ នេះ។ ក្រោយមានការដោះលែង ឧកញ៉ា គង់ ក្រឹង បានធ្វើឲ្យមានការរិះគន់ជាខ្លាំង។

គួររំលឹកថា ឧកញ៉ា គង់ ក្រឹង និងកូនប្រសារ ឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីសាសួរពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។​ ហើយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចចេញដីកាឃុំខ្លួន លោកឧកញ៉ា គង់ ក្រឹង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ពីបទ«ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងនាំចេញផលអនុផលព្រៃឈើ ដោយគ្មានអាជ្ញាប័ណ្ណ។ ដែលបានប្រព្រឹត្តទៅនៅភូមិច្រាបថ្មី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តាមបញ្ញាត្តិមាត្រា ៩៨ កថាខណ្ឌ ២ ចំណុច១ និងចំណុច៧ ច្បាប់ស្តីពីព្រៃឈើ»។

ការចាប់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ នៅពេលនោះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីនីតិវិធីពីតំណាងអយ្យការ នៃសាលាដំបូងខេត្ត ជាមួយកអាវុធហត្ថខេត្តក្រចេះ និងកម្លាំងកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស នគរបាលជាតិ ជំនាញរដ្ឋបាលព្រៃឈើ បរិស្ថាន។

សូមជម្រាបថា លោកឧកញ៉ា គង់ ក្រឹង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ទោះជាយ៉ាងណា បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបាន ការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ នៅឡើយទេ ជុំវិញព័ត៌មានខាងលើនេះ៕SRP