បុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធ ផ្សាយព័ត៌មានមិនពិត

បុរសចិន និពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានចាប់ខ្លួន  ពាក់ព័ន្ធ ផ្សាយព័ត៌មានមិនពិត

ខេត្តសៀមរាប៖និពន្ធនាយក កាសែតអង្គរធូដេ
ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធករណី ផ្សាយព័ត៌មានមិនពិត។

ការចាប់ខ្លួននេះ ធ្វើឡើងវេលាម៉ោង ១៧និង៣៥នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយ ការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការ ជាមួយកម្លាំងមូលដ្ឋាន ដឹកនាំសម្របសម្រួល នីតិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នឹងដោយអនុវត្ត តាមបទបញ្ជា លោកឆៃ សុីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។

មន្ត្រីនគរបាលបានថ្លែងប្រាប់បណ្ដាញ សៀមរាបប៉ុស្តិ៍ ថា បុរសរូបនេះ ឈ្មោះ SHEN KAIDONG ភេទប្រុស កើតថ្ងៃទី២២-១២-១៩៦៩ មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ។ ការចាប់ខ្លួន ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មាន នៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវចំណាយ ថវិកាចំនួន១២០ដុល្លារ។ បើតាមមន្រ្តីនគរបាលបានបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរនៅឡើយ៕SRP