
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ ប្រមាណជាង ២០០គ្រួសារ មកពី ឃុំ ពោធិ៍បាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញ បាននាំគ្នាតវ៉ា នៅខាងមុខ សាលាស្រុកកោះធំ ដើម្បីឲ្យ អាជ្ញាធរជួយធ្វើការ ដោះ ស្រាយ មពាក់ព័ន្ធ ជម្លោះដីធ្លី រវាងពួកគាត់ ជាមួយលោកឧកញ៉ា ភឺន ផល្លា។
ក្នុងការតវ៉ា នេះ ប្រជាពលរដ្ឋ បានស្បថ ឲ្យស្លាប់ចោលប្រពន្ធ កូន ខ្លះទៀត ស្បថ ឲ្យរលាយទ្រព្យសម្បត្តិ បើពួកគាត់ និយាយមិនពិត។ ពួកគាត់ថា ធ្លាប់បាន លក់ ដី ទៅ ឲ្យ លោកឧកញ៉ា ភឺន ផល្លា កាលពីឆ្នាំ ២០១៨ ប៉ុន្តែ លោកឧកញ៉ា បានឲ្យតែលុយកក់ ដោយ ខ្លះ ២០ទៅ ៤០ម៉ឺនរៀល ប៉ុណ្ណោះ ហើយពេលនេះ ពួក គាត់ស្នើ ឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយ និងស៊ីញ៉េ ឲ្យពួកគាត់អាចលក់ដូរ ដីធ្លី របស់ពួកគាត់ទៅឲ្យឈ្មួញផ្សេងទៀតបាន។
ចំពោះករណីនេះ លោក សោម ម៉េងហ៊ មេឃុំ ពោធិ៍បាន បានប្រាប់អ្នកសារព័ត៌មានថា ករណីប្រជាពលរដ្ឋ ស្នើសុំស៊ីញ៉េ លើឯកសារ ទិញ លក់ ដីធ្លី លោកមិនយល់ព្រមទេ ដោយសារប្រជាពលរដ្ឋ បានលក់ដីទៅឲ្យ លោកឧកញ៉ា ភឺន ផល្លា រួចហើយ ហើយលោកឧកញ៉ា ភឺន ផល្លា ក៏បានដាក់ពាក្យប្តឹងទប់ស្កាត់ផងដែរ។
លោកមេឃុំថា ប្រជាពលរដ្ឋ មានពេលខ្លះ ពួកគាត់ ធ្វើឲ្យអាជ្ញាធរឃុំ ពិបាកដោះស្រាយ ដោយសារពួកគាត់ត្រូវរ៉ូវ គ្នា ជាមួយមេខ្យល់ និង អ្នកទិញ មិនឲ្យអាជ្ញាធរដឹងទេ លុះមានរឿងបានមកសុំឲ្យអាជ្ញាធរ ជួយដោះស្រាយ។ ដោយកន្លងមក មានករណីមេខ្យល់ បានដើរប្រមូលអត្តសញាណប័ណ្ណ ពេលនោះអាជ្ញាធរ ក៏បានហាមឃាត់ដែរ ប៉ុន្តែប្រជាពលរដ្ឋ មិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះទេ បែរជានាំគ្នាប្រគល់ អត្តសញាណប័ណ្ណ ដោយលួចលាក់ឲ្យ ទៅក្រុមមេខ្យល់ ( អ្នក រៀប ដី ) ទៀតផង។
យ៉ាងណាក៏ដោយ លោកមេឃុំបានស្នើដល់គណៈកម្មការ ស្រុក ខេត្ត ជួយ ដោះស្រាយរឿងវិវាទដីធ្លីនេះ ដើម្បី កុំ ឲ្យប្រជាពលរដ្ឋចោទប្រកាន់ មកលើអាជ្ញាធរឃុំថា មិនដោះស្រាយ ជូនប្រជាពលរដ្ឋ។
ជុំវិញករណីនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោក ឧកញ៉ា ភឺន ផល្លា ដើម្បីបកស្រាយបាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP