ឆេះស្ថានីយ៍ប្រេងឥន្ធនៈ បណ្តាល​ ឲ្យខូចរថយន្ត២គ្រឿង ម៉ូតូ៣ និង​ទ្រព្យសម្បត្តិ​ ជាច្រើន

ខេត្តត្បូងឃ្មុំ៖ស្ថានីយ៍​ប្រេងឥន្ធនៈមួយកន្លែងយីហ៊ោ ដេប៉ូតេលាក្រុងសួង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណ ៧និង៣៥នាទីព្រឹក ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិតនៅ​ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

អធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា​ ម្ចាស់​ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះ នេះ មានឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។
ចំពោះមូលហេតុនៃការឆាបឆេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ករណីនេះលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ មនៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែលនោះ​។

ចំពោះប្រតិបត្តិការនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តត្បូងឃ្មុំ០២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក និងរថយន្តពន្លត់អគ្គិភ័យស្នងការខេត្តកំពង់ចាម ចំនួន០២គ្រឿង សរុបប្រើប្រាស់ឡានទឹកអស់ចំនួន២៥ឡាន ទើប​រលត់ទាំងស្រុង។

ជាមួយគ្នានេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកា លើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំង ដែលបានសហការ ពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស ឬឆេះរាល់ដាលនោះនោះឡើយ។

បើតាមសមត្ថកិច្ច ឲ្យដឹងថា ទំហំការខូចខាត ការ៉ាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus ៣៣០ ១គ្រឿង ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេស ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិកា និងសម្ភារមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕SRP