ខេត្តសៀមរាប៖លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ នេះបានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្រុងពាលី ជួសជុល ខ្លោងទ្វារតាកាវ។
សូមជម្រាបថា ខ្លោងទ្វារ តាកាវ ជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។
សូមរំលឹកថា កាលពីខែមេសាឆ្នាំ២០២០ អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលក្លោងទ្វារ ចូលបរិវេណ ក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេល ដែលមអគ្គនាយិកា រូបនោះ ទស្សនាសមិទ្ធផល ដែលខ្លួនបានជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ ជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរ៕SRP