ក្រសួងសុខាភិបាល ចេញលិខិតអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌ នៃការប្រើប្រាស់ជាបន្ទាន់

ភ្នំពេញ៖ក្រសួងសុខាភិបាល កម្ពុជា បានចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។

នេះបើយោងតាម សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខា ដោយ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១នេះ។

សូមជម្រាបថា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ​ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃ៧ កុម្ភៈ ខាងមុខនេះហើយ។
សារជាសំឡេង របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅមុននេះថា៖ នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ ប្រទេសកម្ពុជាហើយ។

សម្ដេច នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេល កន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង។ ដូច្នេះ សម្ដេចតេជោបានជម្រាប ឲ្យក្រុមការងាររៀបចំពិធី ទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕SRP