សម្ដេច ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ កម្ពុជា នៅថ្ងៃ៧កុម្ភៈនេះ

ភ្នំពេញ៖នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ​ហ៊ុន សែន បានអះអាងថាវ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃ៧ កុម្ភៈ ខាងមុខនេះហើយ។

សារជាសំឡេង របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅមុននេះថា៖ នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ ប្រទេសកម្ពុជាហើយ។ សារសំឡេង របស់សម្ដេចតេជោ​ហ៊ុន សែន៖

សម្ដេច នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេល កន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង។ ដូច្នេះ សម្ដេចតេជោបានជម្រាប ឲ្យក្រុមការងាររៀបចំពិធី ទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕SRP