អក្សរ អរគុណ «សន្តិភាព» បានផុសឡើង ចេញពីដើមឈើមួយដេីម ដែល​មានអាយុកាលរាប់រយឆ្នាំ​

0

ខេត្តកំពង់ចាម​៖ដោយសារ​គុណបំណាច់ នៃ​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​​ រីកចម្រើនលើគ្រប់វិស័យ ដូច្នេះហើយ​ទើប​លោក​​ អ៊ុន​ ចាន់ដា​​អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ឲ្យ​​មន្ត្រី​ជំនាញនៃ​រដ្ឋបាល​ព្រៃឈើ ចាត់ចែង​ជាងចម្លាក់ ឆ្លាក់​ជា​អក្សរ​ផុស​ពាក្យ​ថា «អរគុណ​សន្តិភាព​» ​លើ​ដើម​ឈើទាល​មួយ​ដើម ក្នុង​ក្រុង​កំពង់ចាម ហើយ​ត្រូវ​បើកសម្ពោធ​ដាក់តាំង​បង្ហាញ ដល់​មហាជន​ឲ្យ​​បាន​ទស្សនា​នៅ​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ក្នុង​អត្ថន័យ​ឲ្យ​​ប្រជាពលរដ្ឋ​ ទាំងអស់ចេះស្រលាញ់ និង​ចេះ​នាំគ្នា​ថែរក្សា​សុខសន្តិភាព ឲ្យ​បាន​គង់វង្ស​ផងដែរ។

គួរ​បញ្ជាក់​ថា រដ្ឋបាលខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​របស់ លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម លោក​បាន​ចាត់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ រៀបចំ​ចាត់ចែង​ជាងចម្លាក់ ឆ្លាក់​ជា​អក្សរ​ផុស គឺ​ពាក្យ អរគុណ​សន្តិភាព លើ​ដើម​ឈើទាល ដែលមាន​អាយុ​រាប់រយឆ្នាំ​មកហើយ ដើមឈើ​នោះ មាន​ទំហំ​ប្រហែល ២ អោប ដុះ​អម​ផ្លូវ​ជុំវិញ​សាលាខេត្ត ដែល​បាន​ងាប់​ដោយសា​អាយុកាល។ ទោះយ៉ាងណា​ពេលនេះ រដ្ឋបាលខេត្ត​កំពង់ចាម​ ក៏ប្រារព្ធពិធីសម្ភោធ ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក​​ អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដើម្បី​ដាក់​ឲ្យ​ប្រជាជន​បាន​ទស្សនា នឹង​ឲ្យ​កាន់តែ​យល់​ជ្រួតជ្រាប​អំពី​គុណ​តម្លៃ​នៃ សុខសន្តិភាព។

ដោយ​ព្រោះ​ថា​ ពាក្យ​ សន្តិភាព​នេះដែរ បើ​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត មានន័យថា ជា​ដំណើរ​នៃ​សេចក្តីសុខ​សាន្តត្រាណ ជា​មធ្យោបាយ​នៃ​ការធ្វើ​ឲ្យ​មាន​សេចក្តី​ស្ងប់ចិត្ត និង​ការផ្សះផ្សា​អធិករណ៍​ដោយ​សន្តិវិធី​៕SRP