ក្រសួងបរិស្ថាន​ ផ្ដល់រថយន្តដឹកសំរាម ២គ្រឿង ​សម្រាប់​ ស្រុកជើងព្រៃ និងបាធាយ ដេីម្បី​បម្រើ​ការងារ​ ថែរក្សាសោភ័ណភាព

0

ខេត្តកំពង់ចាម​៖រថយន្តដឹកសំរាម​ ចំនួន២គ្រឿង ដែល​ជាអំណោយ របស់ លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់ជូនរដ្ឋបាលស្រុកជើងព្រៃ និងរដ្ឋបាលស្រុកបាធាយ​ ដេីម្បី​បម្រើ​ការងារ​ ថែរក្សា សោភ័ណភាពក្នុងមូលដ្ឋាន។

ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ព្រឹកមិញនេះ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ លោក​ ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក​ អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះ លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់ជូននូវមធ្យោបាយ​ ដល់រដ្ឋបាលស្រុកទាំង២ សម្រាប់​ ជាមូលដ្ឋាននៃការចូលរួម ជាមួយ ប្រជាពលរដ្ឋ ក្នុងការប្រមូលសំរាម ក៏ដូចជា ការថែរក្សាសោភ័ណភាព សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋាន​របស់​ខ្លូន​។

អភិបាលខេត្ត បាន​ថ្លែង​ថា ការពង្រឹងវិធានការអនាម័យនេះ​ ក៏ជាវិធានការ នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយក៏ជាផ្នែកមួយ ក្នុងគោលនយោបាយ បរិស្ថាន ទៀតផង។

ចំពោះ​ការផ្ដល់ជូនរថយន្ត ទាំង២គ្រឿង​នេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវមធ្យោបាយ​ របស់​រដ្ឋបាលថ្នាក់ក្រោមជាតិ។

ដូច្នេះសូមឲ្យរដ្ឋបាល ស្រុកទាំង២ រៀបចំផែនការ ប្រមូលសំរាម ឲ្យបានច្បាស់លាស់ និងប្រើប្រាស់ រថយន្តនេះ ឲ្យអស់លទ្ធភាព ជាពិសេស ការផ្ដោតលើគោលដៅ ក៏ដូចជា ទីតាំងដែលប្រឈម ក្នុងការប្រមូល
និងការរក្សាទុក សំរាមផងដែរ។

លោក​ ចាយ សាមិត្ត បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានអនុវត្តតាមគោលការណ៍
នៃគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ជាគោលការណ៍គ្រឹះនៃកំណែទម្រង់នេះ។ ក្នុងនោះ ការផ្ទេរមុខងារ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន មក​ឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាគោលការណ៍ នៃការផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល តម្រូវ​ឲ្យ​ក្រសួងស្ថាប័ន​ អនុវត្តលើគោលការណ៍ ៣ សំខាន់ៗ
គឺ ៖ ១-ការផ្ទេរមុខងារ។
២-ការផ្ទេរធនធានថវិកា។
និង៣-សម្ភារ និងធនធានមនុស្ស មក​ឲ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិ។

រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើ ដល់រដ្ឋបាលស្រុកទាំង២ ក្រោយទទួលបាន រថយន្តទាំងពីរនេះ ទៅ គឺត្រូវយកទៅប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព សំដៅ​ ឲ្យមូលដ្ឋានមានសោភ័ណភាព និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងការងារគ្រប់គ្រង សំរាម សំណល់រឹង នៅតាមទីប្រជុំជននីមួយៗ៕SRP