អាជ្ញាធរ​​ខេត្តកំពង់ចាម​ បានប្រគល់​ផ្ទះ​១ខ្នង​ ជូនស្ត្រីមេម៉ាយម្នាក់ នៅសង្កាត់សំបួរមាស

0

ខេត្តកំពង់ចាម​៖លោកស្រី​​ ប៉ាង​ ដានី​ អភិបាល​រង​ខេត្ត នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២០​ នេះ បាន​អញ្ជើញចុះប្រគល់ផ្ទះ​១ខ្នង​ ទំហំ​៥x៧ម៉ែត្រ​ ដែលជាអំណោយ របស់ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ជូនដល់​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​ឈ្មោះ​ កាល់ សាម៉ុល អាយុ៥៧ឆ្នាំ នៅ​ភូមិ​បឹង​បាសាក់​ សង្កាត់​សំបួរ​មាស​ ក្រុងកំពង់ចាម​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​សមាជិកក្រុមប្រឹក្សាខេត្ត​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​​​ រួមនឹង​​អាជ្ញាធរ​ពាក់ព័ន្ធ​​ជាច្រើនរូបទៀត។

​គួរ​បញ្ជាក់​ថា ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះយោបល់​លេីក​ទី​២​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្ត ដែល​បាន​ធ្វើ​ឡើង​នៅ​វត្តខេមវ័នបឹងស្នាយ​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​​ កាលពី​ថ្ងៃទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កន្លង​ទៅ​ថ្មីៗ​នេះ​ ស្ត្រីក្រីក្រខាងលេី មានកូនស្រី​ចំនួន​៣នាក់ មានចៅតូច​អាយុ​២ឆ្នាំ​ ចំនួន២នាក់ និងចៅតូច អាយុ៣ខែ​១នាក់​ ដែលព៉ំមានមេគ្រួសារជាបង្គោល ព្រោះជីដូនជាស្រ្តីមេមាយ និងកូនក៏មេម៉ាយ​ ហើយ​ក៏បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ ឲ្យ​ជួយ​សាងសង់​ផ្ទះ​១ខ្នង​នេះឡើង​សម្រាប់​ស្នាក់នៅ​។ ទើបលោកអ៊ុន ចាន់ដាអភិបាលខេត្ត សម្រេចសាងសង់ផ្ទះជូនស្ត្រីគាត់។

ក្នុងឱកាសអញ្ជើញប្រគល់ផ្ទះ លោកស្រី​​ ប៉ាង​ ដានី​  បាន​នាំយក​នូវ​ថវិកា របស់លោកអភិបាលខេត្ត ចំនួន២០០.០០០រៀល និង​សម្លៀកបំពាក់​មួយ​ចំនួន​ សម្រាប់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រខាងលើ ព្រមទាំង​បាន​ធ្វេី​ការ​ណែនាំ​ ឲ្យ​មាន​ការ​រស់នៅ​ស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស​ ត្រូវអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ ផងដែរ​៕SRP