ព្រោះតែជីវភាព ក្មេងមានអាយុជាង១០ឆ្នាំម្នាក់ ដើរ «សន្សំស្ពៃ និងរាវខ្ចៅ» រហូតលង់ទឹកស្លាប់

0

ខេត្តកណ្ដាល៖កុមារីម្នាក់ ព្រោះតែមានជាភាពក្រីក្រ បានដើរសន្សំស្ពៃនិងរាវខ្ចៅ រហូតលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

យោងតាមរបាយការណ៍ របស់ប៉ូលិសស្រុកលើកដែក បានឲ្យដឹងថា នៅចន្លោះម៉ោង ០៨.០០នាទីព្រឹក ដល់ម៉ោង១០.៣០នាទីថ្ងៃ ច័ន្ទទី៣០ ខែ វិច្ជិកា ឆ្នាំ២០២០ នៅចំណុច ក្នុងស្រះស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។ មានករណីលង់ទឹកស្លាប់ម្នាក់។

ជនរងគ្រោះ មានឈ្មោះ រ៉េត​ មករា (ហៅខ្វិន​ )ភេទ ស្រី​ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរដើរសន្សំស្ពៃ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

របាយការណ៍បានបន្តថា យោងតាមលិខិតសំណូមពររបស់ ឈ្មោះ មិន​ សាវឿន ភេទស្រីអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួល​ មានទី​លំនៅ​ភូមិឃុំ​កើតហេតុ​ ត្រូវជាម្តាយបង្កើតក្មេងស្រីរងគ្រោះ បញ្ជាក់​ថា​៖កូនស្រីរបស់គាត់ពិតជាលង់ទឹកប្រាកដមែន​។
ថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ២០២០ វេលាម៉ោងប្រហែល៧ជាង ជនរងគ្រោះ បានទៅសន្សំស្ពៃ និង​រាវខ្ចៅ​ ជាមួយម្តាយ នៅចណុចក្បែរស្រះទឹកក្រោយភូមិស្ពានដែក ពេលម្តាយ​កំពុង​អោន​ ធ្វើស្មៅ ជនរងគ្រោះ ក៏បានចុះទៅរាវខ្ចៅ ក្នុងស្រះក្បែរនោះ ដោយពុំមានអ្នកណាដឹងឡើយ។ លុះ​ដល់ម៉ោង​ប្រហែល​១០ជាង​ ម្តាយបាត់កូនស្រី ក៏នាំគ្នាដើររក ទើបបាន​ដំណឹង​ពីក្មេង​ ឈ្មោះ ស្រីនុច​ ដែល​រាវខ្ចៅ ជាមួយគ្នាប្រាប់ថា បងស្រី មករា​ (ហៅខ្វិន​)លិចទៅ​ក្នុងទឹក​បាត់ហើយ​។ គ្រាន់តែ​បានដំណឹងភ្លាម ម្តាយនិងអ្នកជិតខាង ក៏នាំគ្នាមុជ រាវរក ក្នុងស្រះក៏ជួបជនរងគ្រោះ បានស្លាប់ក្នុងទឹកស្រះទៅហើយ ក៏បានស្រង់ក្មេងរងគ្រោះ ឡើងគោក។

ក្រោយ​ពីទទួល​បាន​ព័ត៌មាននេះ​ ភ្លាមៗ ផ្នែកជំនាញនិងប៉ុស្តិ៍រដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើពិនិត្យ សាកសព ប៉ុន្តែត្រូវម្តាយជនរងគ្រោះ សំណូមពរមិនអោយធ្វើការពិនិត្យលើសាកសពឡើយ នឹងបានសុំយកសពកូនមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP