ខេត្តសៀមរាប៖លោក ឃន់ សុខន អនុប្រធានគណៈកម្មាធិការគណៈកិត្តិយស អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកប្រាសាទបាគង តំណាងលោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារ អនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកចុះសួរសុខទុក្ខ និងផ្តល់ជូនអំណោយ ដល់គ្រួសាររងគ្រោះ ស្លាប់ដោយសារលង់ទឹក កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ ដែលសពឈ្មោះ មិត្ត វាសនា ភេទប្រុស អាយុ២ឆ្នាំ មានសមាជិកគ្រួសារ០៥នាក់ រស់នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ឃន់ សុខន និងក្រុមការងារ បានចូលរួម រំលែកទុក្ខ និងមានសោកស្តាយជា ខ្លាំងចំពោះ ការបាត់បង់ កូនប្រុស ដែលកំពុងពេញស្រលាញ់របស់ឪពុកម្តាយ និងបានក្រើន រំលឹក ដល់ឪពុកម្តាយឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ ជាងនេះ ចំពោះកូនៗដទៃនិងបង ប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងឃុំទាំងអស់ ចៀសវាងមានបញ្ហាដូចប្អូនប្រុសដែល បានស្លាប់បាត់បង់ជីវិតនាពេលនេះ ព្រោះផ្ទះដែលយើងកំពុងរស់នៅស្ថិតលើទឹកស្រាប់។
លោកក៏ បានជម្រាបជូន ដល់អាជ្ញាធរភូមិឃុំ និងឪពុកម្តាយ ធ្វើការផ្សព្វផ្សាយ និងការពារជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលរហូត មកដល់ ពេលនេះកំពុងរីករាលដាលឆ្លងជាសកល មិនទាន់ឈប់ឈរ ហើយកម្ពុជាយើងក៏នឹងកំពុងផ្ទុះឆ្លងក្នុងសហគមន៍ ដែលពេលនេះទាមទារ ឲ្យមានការប្រុងប្រយ័ត្ន និងការពារទាំងអស់ គ្នាកាន់តែខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ របស់អនុសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មី១កេស ភួយ១ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធវីតាល់១កេស កំសៀវ១ ចានសម្ល៥ ចានបាយ៥ ឆ្នាំងបាយ១ ចានស្រាក់១ វែកសម្ល១ កន្ទេល១ វែកបាយ១ កាបោយ១ បំពង់ទឹកក្តៅ១ ចានដែក១ មុង១ ខ្នើយ១ ធុង១ អាវយឺត២ និងថវិកា ២៨០,០០០រៀល ផងដែរ៕SRP

