ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស បរិច្ចាគ ម៉ាស ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានចាត់តាំង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។
ក្នុងលិខិតជម្រាបជូន លោកជំទាវ អោង សាន ស៊ូជី ទីប្រឹក្សារដ្ឋ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា សម្តេច ហ៊ុន សែន លើកឡើងថា «ខ្ញុំសូមសំដែងជាថ្មីម្តងទៀត នូវការអបអរសាទរដ៏ស្មោះស្ម័គ្រ ជូនលោកជំទាវចំពោះជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី របស់គណបក្សសម្ព័ន្ធ ជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដែលបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំ ពោរពេញដោយសមត្ថភាព របស់លោកជំទាវ ក្នុងការដឹកនាំមីយ៉ាន់ម៉ា ឆ្ពោះទៅរកភាពរីកចម្រើនដ៏ប្រសើរក្នុងកិច្ចផ្សះផ្សារ និងកសាងជាតិ។ ខ្ញុំក៏សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ធ្វើធ្វើការយ៉ាងជិតស្និទ្ធ ជាមួយលោកជំទាវ ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ ដើម្បីនាំមកនូវផលប្រយោជន៍ ជាក់ស្តែងកាន់តែច្រើនថែមទៀត សម្រាប់ប្រទេសយើងទាំងពីរ និងវិបុលភាពដ៏ធំធេងសម្រាប់សហគមន៍អាស៊ាន»។
សម្តេច ហ៊ុន សែន បានបន្ថែមថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយលោកជំទាវ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២.០០០.០០០ ( ពីរលាន ) និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
ទន្ទឹមនេះ ខ្ញុំបានចាត់តាំង ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាំយកអំណោយទាំងនេះ ទៅកាន់រដ្ឋធានីណៃពិដោរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមយន្តហោះពិសេស។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងទទួលបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា»។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត នាំយកម៉ាសជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដឹកតាមយន្តហោះពិសេស យកទៅជូនរដ្ឋាភិបាលឡាវ នៅទីក្រុងវៀងចន្ទន៍ ផងដែរ៕SRP

