ខេត្តសៀមរាប៖កន្លងមកគេតែងតែឃើញ អាជ្ញាធរជាតិអប្សរា បង្ហោះសារព្រមានម្ដងហើយ ម្ដងទៀត ទៅលើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ថានឹងចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែការប្រកាសរបស់អាជ្ញាធរជាតិអប្សរា បែបនោះ ក្លាយជារឿងឥតន័យដោយហេតុថា បានត្រឹមតែប្រកាសព្រមាន ដដែលៗ មិនដែលឃើញ ចាត់វិធានការ បានមួយករណីឡើយ។
ជាក់ស្ដែងនៅព្រឹកនេះ ផេកហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានប្រកាសព្រមានអ្នកលក់ដីនៅនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ទៀតហើយ។ មជ្ឍដ្ឋាននានាកំពុងរងចាំមើលថាតើអាជ្ញាធរជាតិអប្សរា អាចចាត់វិធានការបានដូចសេចក្ដីប្រកាសដែរឬយ៉ាងណា ឬបានត្រឹមតែប្រកាសព្រមាននោះទេ ? ។ ខាងក្រោមនេះជាសាររបស់អាជ្ញាធរជាតិអប្សរា៖« បុគ្គលដែលប្រកាសលក់ដូរដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក អាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!»
ដើម្បីអនុវត្តគោលការណ៍ ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក Vinea Su Su និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
ម្យ៉ាងទៀត ដើម្បីបង្ការការខូចខាត ផលប្រយោជន៍ របស់សាធារណជន ដែលកើតឡើងពីការទិញដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវ ផងដែរ ដល់សាធារណជន ដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនង មកកាន់អាជ្ញាធរជាតិអប្សរា បើមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធ នឹងការគ្រប់គ្រង ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។
សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់ នឹងនឹងការប្រើប្រាស់ ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕SRP

