ខេត្តសៀមរាប៖ពលរដ្ឋរស់នៅម្តុំមណ្ឌល៣ ហៅស្ពាន រោករ៉ាក ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសុំដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា ជួយអន្តរាគមន៍ ដោយឡើងឡើងថា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានទិញដីបិទផ្លូវ ជាច្រើនឆ្នាំមកហើយ ធ្វើឱ្យពួកគាត់មិនអាចធ្វើដំណើរបាន។
ប្រជាពលរដ្ឋ រស់នៅតំបន់ ខាងលើបានប្រាប់អ្នកសារព័ត៌មានថា កាលពីមុនផ្លូវនេះជាផ្លូវបុរាណ ដែលប្រជាពលរដ្ឋ នៅក្នុងភូមិមណ្ឌល៣ ប្រមាណជាង២០០គ្រួសារ បានដើរឆ្លងកាត់ផ្លូវមួយនេះ តាំងពីដើមមកដល់ឆ្នាំ២០០៥ ទើបមានឈ្មោះ អ៊ឹង គៀត ដែល ត្រូវជាឪពុក របស់លោកស្រី អ៊ឹង កន្ថាផាវី ក្រសួងកិច្ចនារីបានទិញដី នេះទុកសម្រាប់ធ្វើផ្ទះ ប៉ុន្តែត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី មកបិទផ្លូវនេះ មិនឱ្យពលរដ្ឋចេញចូល តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ ពលរដ្ឋបានរៀបរាប់បន្តថា កាលពីឆ្នាំ២០១៧ ពួកគាត់បានទៅដល់មុខសាលាខេត្ត តវ៉ាម្តងហើយ តាំងពីជំនាន់លោក ឃឹម ប៊ុនសុង អតីត អភិបាលខេត្ត ហើយខាងអាជ្ញាធរខេត្ត មកជួយដោះស្រាយម្តងដែរ ប៉ុន្តែមិនទទួលបានលទ្ធផល អ្វីនោះឡើយ។
ពលរដ្ឋបានបន្ថែមទៀតថា ចំពោះឯកសារ ពួកគាត់មានទាំងអស់ តាំងពីមូលដ្ឋានរហូតដល់ អាជ្ញាធរខេត្ត ព្រមទាំងខាងសុរិយោដីខេត្ត ចេញគំនូសប្លង់ឱ្យរុះរើថែមទៀត ប៉ុន្តែ លោកស្រីរដ្ឋមន្ត្រី នៅតែមិនព្រមបើកផ្លូវឱ្យពួកគាត់ចេញចូលដដែល។ ប្រសិនមានហេតុការណ៍រអ្វីកើតឡើង ពិបាកនឹងជួយសង្គ្រោះណាស់។ ដូច្នេះពួកគាត់សុំសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយកូនចៅផង ព្រោះផ្លូវមួយខ្សែនេះ ពួកគាត់មានទុក្ខលំបាកជាង១០ឆ្នាំមកហើយ។
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ចំពោះដីនៅម្តុំភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលប្រជាពលរដ្ឋ ជាង៥០គ្រួសារនាំគ្នាធ្វើការ តវ៉ាទាមទារសុំបើកផ្លូវនោះ លោកនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះរឿងវាច្រើនពេក លោកចំមិនបានអស់នោះឡើយ។
ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។ទោះយ៉ាងណាពលរដ្ឋ មានក្ដីរំពឹងថា ថ្នាក់ដឹកនាំ នឹងជួយដោះស្រាយ ជូនពលរដ្ឋ ជូនពួកគាត់ជាក់ជាមិនខាន៕SRP

