ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា សូមកុំឆ្លៀតឱកាស លក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស អាល់កុល និងសម្ភារផ្សេងៗក្នុងអំឡុងពេលឆ្លងវីរុសកូវដ(Covid-19)។
បើតាមសេចក្ដីប្រកាសបានដឹងថា
សូមជម្រាបជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជន ជ្រាបថា៖ បច្ចុប្បន្ននេះ ដោយមានការរីករាលដាលនៃការចម្លងវីរុស កូវីដ(Covid-19) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប សង្កេតឃើញថានៅតាមបណ្តាក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា បានឆ្លៀតឱកាសក្នុងការលក់ដំឡើងថ្លៃទំនិញគ្រឿង បរិភោគ និងសម្ភារ ប្រើប្រាស់ចាំបាច់មួយចំនួន ដូចជា ម៉ាស អាល់កុល និងសម្ភារផ្សេងៗ។
ដូចនេះ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា សូមប្រកាន់នូវស្មារតីសាមគ្គី ព្រមទាំងអនុវត្តតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត និងមិនត្រូវឆ្លៀតឱកាស លក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស អាល់កុល និងសម្ភារផ្សេងៗឡើយ។
ក្នុងករណីរកឃើញភាពមិន ប្រក្រតីណាមួយ សូមមេត្តាផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ៖
០១១ ៨៧៦ ៣៩៣
/០១៧ ២៨៣ ៣៣៣
/០១២ ៥៩៨ ៦៧២
/០១២ ៥៥០ ៦៣៥
«ដើម្បីអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន»។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា ព្រមទាំងសាធារណជន នឹងចូលរួមអនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយការឆ្លងវីរុសកូវីដ (Covid-19)៕SRP
«រូបភាពកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម និងប្រជាការពារ ចុះណែនាំឱ្យអាជីវករនិងពលរដ្ឋ ពាក់ម៉ាសនៅផ្សារលើធំថ្មីខេត្តសៀមរាប»

