ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងតភ្ជាប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០

0

ខេត្តកំពង់ចាម៖ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ​ គ្រោង​រៀបចំ​ពិធី​តភ្ជាប់​ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ភ្នាក់ងារសៀមរាបប៉ុស្តិ៍បានរាយការណ៍ថា
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ម្សិលមិញ
លោក​ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​លោក​ លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការអមដំណើរដោយ​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពី​លោក​អភិបាលរងខេត្ត​កំពង់ចាម​ ត្បូងឃ្មុំ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណង ដៃដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ​ក្រោមអធិបតី សម្ដេច ហ៊ុន សែន។ ស្ពាននេះ មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ , ទទឹងប្រវែង ១៣.៥០ ម៉ែត្រ ចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយ​កញ្ចប់​ថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និង បោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ​។ ព្រោះថា​ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ​៕SRP