សម្ដេច ស ខេង៖ «បច្ចុប្បន្ន ខេត្តព្រៃវែង ជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវ បានច្រើន»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានអះអាងថា«បច្ចុប្បន្ន ខេត្តព្រៃវែងជាខេត្តលេខ១ លើខេត្តបាត់ដំបង ដែលមានការបង្កបង្កើនផលស្រូវបានច្រើន»។ សម្ដេចបានបន្ថែមថាការធ្វើស្រូវបានច្រើននេះ ក៏ដោយសារប្រជាពលរដ្ឋជាប្រជាកសិករ មានឱកាសធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យដោយមានប្រព័ន្ធ ធារាសាស្រ្ត និងមានមធ្យោបាយធ្វើស្រែទំនើប រួមផ្សុំនឹងការមានទីផ្សារល្អសមរម្យ។ សម្ដេចបានមានប្រសាសន៍ថាសម័យនេះ ទោះបីជាប្រជាកសិករ ធ្វើស្រែកើនឡើង ប៉ុន្តែតម្រូវការកម្លាំង កសិករធ្វើស្រែបែរជាមានតិចទៅវិញ ដោយសារតែការធ្វើកសិកម្ម បានប្រែក្លាយពីកសិកម្ម តាមបែបប្រពៃណី មកជាការធ្វើស្រែតាមបែបទំនើប ដូចជាប្ដូរពីការភ្ជួរ ដោយគោក្របី មកជាការភ្ជួរដោយត្រាក់ទ័រ ឬគោចយន្ត ឬប្ដូរពីការស្ទូងមកជាព្រោះគ្រាប់ និងប្ដូរមកច្រូតកាត់បោកបែនដោយម៉ាស៊ីន។
សម្ដេចថ្លែងថាការងារផ្ដល់ជំនួយ ពិសេសពូជស្រូវ ពូជបន្លែជូនពលរដ្ឋ នាពេលនេះ គឺជាជំហានបន្ទាប់ ក្រោយពីរាជរដ្ឋាភិបាល បានដឹកនាំការងារជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយទឹកជំនន់ ដែលទន្ទឹមគ្នានឹងការ ជួយសង្គ្រោះ នាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋ ពិតជាបានជ្រាបហើយ ថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ក្នុងគ្រាដ៏លំបាកនោះ។ ថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងពិធីចុះសួរសុខទុក្ខ ចែកស្រូវពូជ និងអំណោយមួយចំនួនទៀត ជូនប្រជាពលរដ្ឋ មានការខ្វះខាត ក្នុងជីវភាពក្រោយ រងគ្រោះដោយជំនន់ទឹកភ្លៀង រៀបចំនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

សម្ដេចក៏បានថ្លែងផងដែរថា របៀបរបបធ្វើការងារ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបងប្អូនតែងតែបោះឆ្នោតគាំទ្រមកនេះ គឺមានប្រពៃណី បែងចែកមន្រ្តីឱ្យចុះ ទៅតាមមូលដ្ឋាន ដើម្បីតាមដានតម្រូវការ ក្ដីកង្វល់ និងសំណូមពរនានារបស់បងប្អូន ហើយរួមសហការគ្នាពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ដើម្បីមានវិធានការដោះស្រាយឱ្យបានឆាប់រហ័សបំផុត និងមានទំលាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សម្ដេចក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក ដោយសម្ដេចបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបន្តបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាកាត់បន្ថយការប្រមូលផ្ដុំ ការប្រើម៉ាស និងលាងដៃជាដើម។
សម្ដេចបានបន្តមានប្រសាសន៍ អំពីបញ្ហាគ្រឿងញៀនដោយសម្ដេចបានសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន វានឹងមិនងាយបញ្ចប់ដូចបញ្ហាកូវីដ១៩នោះទេ។ ដូច្នេះសម្ដេចបានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមអប់រំកូនចៅ សមាជិកគ្រួសារ ចៀសឆ្ងាយពីគ្រឿងញៀន។ ព្រមជាមួយគ្នានេះ អាជ្ញាធរត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹង ហើយប្រជាពលរដ្ឋត្រូវចូលរួមរាយការណ៍ករណីគ្រឿងញៀនទៅកាន់អាជ្ញាធរ។

ទន្ទឹមនឹងការរាយការណ៍ ឬប្ដឹងអំពីបញ្ហាគ្រឿងញៀន ឬបញ្ហាផ្សេងៗទៅកាន់អាជ្ញាធរ ឬក្នុងករណីអាជ្ញាធរមិនសូវអើពើនឹងបញ្ហាណាមួយ សម្ដេចក្រឡាហោម ក៏បានថ្លែងលើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បញ្ហាទាំងនោះទៅកាន់បណ្ដាញផ្សព្វផ្សាយនានា ឬតាមរយៈមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុកជាដើម ដើម្បីឱ្យបញ្ហាទាំងនោះត្រូវបានលាតត្រដាង និងមានដំណោះស្រាយ។

បើតាមលោក សួន ម៉ាលីន អភិបាលស្ដីទីខេត្តព្រៃវែង បានធ្វើរបាយការណ៍ថា ខេត្តព្រៃវែង បានជួបប្រទះនូវទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលាឆ្នាំ២០២០ ដែលបានធ្វើឱ្យខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំសរុបជាង៧ម៉ឺន៧ពាន់ម៉ែត្រ, ទំនប់ប្រឡាយ១៥០ម៉ែត្រ, ប្រព័ន្ធលូ៦៥កន្លែង និងបានប៉ះពាល់ផ្ទៃដីដាំដុះស្រូវចំនួន៧ក្រុងស្រុក។ លោកបន្តថាផលស្រូវដែលប៉ះពាល់សរុបមាន៥,៦៦៨ហិកតា ខូចខាតចំនួន ៣,៥០០ហិកតា ស្មើនឹង ៣,៥០០គ្រួសារ ក្នុងនោះស្រុកបាភ្នំចំនួន៦២៦ហិកតា, ស្រុកកំពង់ត្របែកចំនួន ៧៣៦ហិកតា, ស្រុកមេសាងចំនួន៣៧៦ហិកតា,ស្រុកពាមរក៍ចំនួន៤៦៥ហិកតា, ស្រុកព្រះស្តេចចំនួន៥៧៦ហិកតា, ក្រុងព្រៃវែងចំនួន៣៦០ហិកតា និងស្រុកពោធិ៍រៀងចំនួន ៣៦១ហិកតា។

សូមបញ្ជាក់ថា អំណោយ ដែលសម្ដេច ស ខេង ផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពែពីរមុខ ត្រប់ និងត្រកួន ព្រមទាំងឃីតមួយកញ្ចប់ មានសម្ភារៈប្រើប្រាស់ និងគ្រឿងបរិភោគ រួមទាំងថវិកាមួយចំនួនទៀតដែរ។ បន្ទាប់ពីបញ្ចប់ពិធីសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋនៅទីនេះ សម្ដេចបានបន្តអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដូចគ្នានេះជូនពលរដ្ឋដែលរៀបចំនៅសាលាខេត្តព្រៃវែង៕SRP