នាយករដ្ឋមន្ត្រី៖ ក្នុងឋានៈ ជាប្រមុខរាជរដ្ឋាភិបាល «ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវរការ នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកានេះ បានសរសេរថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យ ចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

«ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាសការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាសដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។
នគរបាលចរាចរណ៍ក៏នឹងជូនម៉ាសសម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស។

សូមបងប្អូនពាក់ម៉ាសទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕SRP