ខេត្តកំពង់ចាម៖លោកយឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ អតីតយុទ្ធជន ចាស់ជរា និងស្ត្រីមេម៉ាយ ប្រមាណជាង៣០០គ្រួសារ មកពីស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម។
ពិធីនេះត្រូវបានធ្វេីឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ដោយមានការអញ្ជើញចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ត្រីរាជការជាច្រើនរូបផងដែរ។
លោកយឹម ឆៃលី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលល សម្តេចតែងតែគិតគូរ ពីទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកអោយនរណាម្នាក់ស្លាប់ ដោយអាជ្ញាធរមិនបានដឹងឡេីយ។
លោកក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងបន្តយកចិត្តទុកដាក់អប់រំ ដល់សមាជិកក្រុមគ្រួសារ អំពីវិធានការអនាម័យ និងវិធានការនានាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យគ្រួសារ និងសង្គមជាតិយើង បានចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ស្របពេលនៃការរាតត្បាត នៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីលើកកំពស់កម្រិតំជីវភាព ប្រជាពលរដ្ឋ និងជួយស្តារផលប៉ះពាល់ ដោយសារជំងឺនេះ ក្នុងនោះ រដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាជន ប្រភេទក្រ១ និងក្រ២។ ដោយក្នុងដំណាក់កាលជំងឺកូវីដ-១៩ ខេត្តកំពង់ចាម មានប្រជាជនក្រ១ ក្រ២ ដែលមកផ្ទៀងផ្ទាត់ និងបើកប្រាក់ពីកម្មវិធីនេះ ជាង៤ម៉ឺន ៥ពាន់គ្រួសារ បានផ្តល់ជិត៤ម៉ឺនគ្រួសារ ដែលគិតជាសាច់ប្រាក់ជិត៤០០លានរៀល បច្ចុប្បន្ន បាននឹងផ្ទៀងផ្ទាត់ និងបើកប្រាក់ឧបត្ថម្ភ ក្នុងជុំទី៣ លើកទី១ (ខែតុលា) ហើយកម្មវិធីនេះនឹងត្រូវ បញ្ចប់នៅបំណាច់ខែធ្នូ ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូនពលរដ្ឋជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មីមួយកេស ទឹកបរិសុទ្ធ សំលៀកបំពាក់២សម្រាប់ និងថវិកា ចំនួន៥ម៉ឺនរៀល៕SRP

