អាជ្ញាធរ ប្រកាស កិច្ចសហការ ស្រាវជ្រាវ ស្វែងរកជនឆបោក ជាថ្នូរការទទួលបានការងារ នៅស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប

ខេត្តសៀមរាប៖អាជ្ញាធរបានប្រកាសថា ដោយមានកិច្ច សហការល្អ និងទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ដែលអះអាងថាជាតំណាងក្រុមហ៊ុន (ដោយពុំស្គាល់អត្តសញ្ញាណ-ច្បាស់) បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារ នៅស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសាចំនួន ៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ស្ថានកុងស៊ុលជប៉ុន។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយតាមគណនីហ្វេកប៊ុករបស់ខ្លួន បដិសេធថា ស្ថានឯកអគ្គរាជទូត-ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ពុំមានផែនការជ្រើសរើសបុគ្គលិក តាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារណាមួយនោះឡើយ។

ដោយទទួលបានព័ត៌មាន ពីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសូមជម្រាបជូនដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន អំពីការឆបោក ពីបុគ្គលទុច្ចរិតពាក់ព័ន្ធ នឹងករណីដូចបានបញ្ជាក់ជូនខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់សាមីជន ដែលទទួលរងគ្រោះដោយ អំពើ-ល្មើសនេះ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីឈានទៅរកការស្រាវជ្រាវ ផ្តល់ព័ត៌មានបន្ថែម ក្នុងការទប់ស្កាត់ បង្ការ និងចាត់វិធានការ ចំពោះបុគ្គលទុច្ចរិតនេះតាមផ្លូវច្បាប់ និងធានាបាននូវផល-ប្រយោជន៍សាធារណជន។

រាល់ព័ត៌មានទាំងនេះ សូមសាមីជនដែលទទួលរងគ្រោះ ដោយអំពើល្មើសនេះ និងសាធារណជនដែលធ្លាប់បានទទួលព័ត៌មាន ឬដឹងពីអត្តសញ្ញាណក្រុមហ៊ុន ឬជន ដែលបានប្រព្រឹត្តអំពើល្មើសនេះ សូមទំនាក់ទំនងមករដ្ឋបាលខេត្តសៀមរាប ឬលេខទូរស័ព្ទ ០១២ ៩០២ ២៩៩/០១២ ៥៩៨ ៦៧២៕SRP