ខេត្តព្រះវិហារ៖ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០នេះ លោកប្រាក់ សុណ្ណ
អភិបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាឲ្យ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពង្រឹងការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់។
អភិបាលខេត្តបានបញ្ជាក់ថា ត្រូវស្វែងរកឈ្មួញឈើ ដែលត្រូវបានគេចុះផ្សាយ ត្រូវចាប់អោយបាន នឹងមានវិធានការផ្លូវច្បាប់អោយបានតឹងរឹងបំផុត។
បើតាមអភិបាលខេត្តបានថ្លែងថា៖ថ្វីត្បិតតែកន្លងមក សមត្ថកិច្ចយើងបានបង្ក្រាបជាហូរហែរ ប៉ុន្តែការដឹកជញ្ជូនឈើ ដោយខុសច្បាប់តាមគោយន្តកន្ត្រៃ តាមឡានសាំយ៉ុង នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ទាំងពេលថ្ងៃនិងពេលយប់ ដែលករណីនេះ សូមរួមគ្នាបង្រ្កាបអោយបាន។ ដោយមតិពលរដ្ឋ ខ្លះលើកឡើងថា បើអនុវត្តតាមតួនាទី ភារកិច្ច ដោយឈរលើគោលការណ៍ច្បាប់ មិនគិតពីផលប្រយោជន៍ ផ្ទាល់ខ្លួន ការបង្ក្រាបបទល្មើសព្រៃឈើ ដូចជាមិនមានបញ្ហាស្មុគ្រស្មាញដូចការបង្រ្កាបគ្រឿនញៀននោះទេ។
សូមបញ្ជាក់ផងដែរថា បើទោះបីមានការដាក់បទបញ្ជានិងពង្រឹងការទប់ស្កាត់ បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា សកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ ៦២ បានកើតមានយ៉ាងអនាធិបតេយ្យបំផុត ខណៈនៅតាមដងផ្លូវ មានស្នាក់ការ
សមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យងយ៉ាងណាក៏ដោយ ក៏បទល្មើសដឹកជញ្ជូនឈើ នៅតែអាចធ្វើចរាចរណ៍បានដោយ រលូនដដែល៕SRP

