ខេត្តកំពង់ចាម៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាគិតមកដល់ពេលនេះ គឺមានរយៈពេល១៧ឆ្នាំហើយ ដែលលោកបានជួយទំនុកបម្រុងដល់កុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដោយបានរៀបចំពិធីជួបជុំគ្នានេះឡើងក្នុង១ឆ្នាំ២ដង រួមជាមួយការគៀងគរដល់សប្បុរសជននានា ដេីម្បីជួយផ្គត់ផ្គង់ដល់ការរៀនសូត្ររបស់ក្មួយៗ ប្រកបដោយភាពជោគជ័យ។
រដ្ឋមន្រ្តីបន្តថា ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយដោយបានឃេីញក្មួយៗ មួយចំនួនទទួលបានភាពជោគជ័យ ហើយបានចេញទៅធ្វើការងារផ្សេងៗ និងបេីកមុខរបរទទួលទាន ព្រមទាំងមានក្រុមគ្រួសារ និងមានសុភមង្គលល្អ ដោយកន្លងមកក្រសួងព័ត៌មាន ក៏បានទទួលក្មួយៗ មួយចំនួននៅខេត្តបាត់ដំបង និងមួយចំនួននៅខេត្តកំពង់ចាម ឲ្យចូលបម្រើការងារផងដែរ តែអកុសលឆ្នាំនេះផ្ទុះនូវជំងឺកូវីដ១៩ ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចផ្អាកការជ្រើសរើសមន្ត្រីថ្មីមួយរយៈ។
រដ្ឋមន្រ្តី ក៏បានក្រេីនរំលឹកដល់ក្មួយៗទាំងអស់ ឲ្យរួបរួមសាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅមកក្នុងការរៀនសូត្រ ជាពិសេសត្រូវស្តាប់គ្រូបង្រៀន និងគោរពវិន័យសាលាឲ្យបានខ្ជាប់ខ្ជួន តាំងពីនៅតូចរហូតដល់ធំពេញវ័យ និងឈានទៅដល់ទទួលបានភាពជោគជ័យ។
លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកុមារកំព្រា ពិការភ្នែក គរថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
សូមជម្រាបថា សិស្សក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម សរុប ចំនួន១៧១នាក់ ក្នុងនោះមានសិស្សពិការភ្នែក ៥៩នាក់ និងគផ្លង់ ១១២នាក់ ចំពោះបុគ្គលិក និងគ្រូសរុប៣៦នាក់។
ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានសិស្ស ចំនួន៥៧នាក់ និងបុគ្គលិកសរុប១២នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានរៀបចំពិធីសំណេះសំណាល២ដង ក្នុង១ឆ្នាំ ដែលមានរៀបចំអាហារថ្ងៃត្រង់ ជាមួយនឹងសម្ភារសិក្សា សម្លៀកបំពាក់ ផ្តល់ជាថវិកាសម្រាប់សិស្ស និងគ្រូ ផ្តល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់សាលា ព្រមទាំងបានផ្តល់ជាអង្ករ ចំនួន១តោនក្នុងមួយខែ ហេីយក៏បានឧបត្ថម្ភ ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារជំនួយដល់ការបង្រៀន និងរៀន កំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ ម៉ាស៊ីនថតសម្លេងសម្រាប់សិស្សរៀននៅសាកលវិទ្យាល័យ ក្រៅពីនេះរដ្ឋមន្ត្រីនិងលោកជំទាវ ក៏បានឧបត្ថម្ភគ្រឿងសង្ហារឹមផ្សេងៗមួយចំនួនទៀត ហើយបានជួយបង្គ្រប់ថ្លៃកសាងខ្លោងទ្វារសាលាចំនួន១៥០០ដុល្លារសហរដ្ឋអាមេរិក និងបានជួយបន្ថែមថវិកាសម្រាប់ធ្វើដំណើរកម្សាន្តប្រចាំឆ្នាំ ព្រមទាំងបានជួយសម្របសម្រួលក្នុងការចូលទស្សនារមណីយដ្ឋាននានាផងដែរ។
សូមបញ្ជាក់ថាពិធីនេះលោក ខៀវ កាញារីទ្ធ និងលោកស្រី បានបាននាំយកនូវសម្ភារជាច្រើន រួមនឹងថវិកា ចំនួន៣២៥០ដុល្លារអាមេរិក និង១៤.៥០០.០០០រៀល សម្រាប់ទ្រទ្រង់ដល់សាលា និនិងក្មួយៗកុមារផងដែរ៕SRP

