ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួលនោះទេ ផ្លូវទាំង៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នឹងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ជុំវិញការសង់សង់ផ្លូវនៅក្រុងសៀមរាបនេះ នៅថ្ងៃពុធទី២៨ ខែតុលា ម្សិលមិញ លោកស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ឱ្យបានយល់កាន់តែច្បាស់អំពីតម្រូវការ គោលជំហរ និងគោលការណ៍ នៃការស្ថាបនា ផ្លូវថ្នល់ ឱ្យមានគុណភាពរឹងមាំ ក៏ដូចជានីតិវិធីនៃការផ្គត់ផ្គង់ ការទូទាត់ថ្លៃ សម្ភារ និងការជ្រើសរើសសម្ភារសាងសង់ប្រកបដោយស្តង់ដារ តាមអនុសាសន៍ណែនាំរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។
លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ ឡើងដោយអង្គភាពចំនួន០៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព និងបញ្ចប់គម្រោងបានទាន់ពេលវេលាតាមការគ្រោងទុក។
រដ្ឋមន្ត្រីបានបន្តថា ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និង បញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ទាំងរដ្ឋក៏ដូចជាឯកជនក្តី ត្រូវសហការគ្នាឱ្យបាន ជិតស្និទ្ធក្នុងទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឱ្យមានប្រសិទ្ធភាពនិងគុណភាពរឹងមាំ និងបញ្ចប់ គម្រោងតាមផែនការ ដោយប្រើប្រាស់សម្ភារមានស្តង់ដារ និងការផ្គត់ផ្គង់សម្ភារបានទាន់តម្រូវការផងដែរ។
រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា៖ ប្រសិនបើអង្គភាពសាងសង់ណាមួយត្រូវបានរកឃើញថា៖ ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះនឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត៕SRP

