លោកហ៊ុន​ ម៉ាណែត ផ្ដល់អំណោយជូនកម្លាំងប្រជាការពារ និង​កម្មករ ដែល​បាន​ចូលរួម​​ដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

ខេត្តកំពង់ចាម​៖អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ រសៀលថ្ងៃទី២៨ ខែតុលា​ នេះ បាន​នាំយក​អំណោយ​របស់​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចែក​ជូន​កម្លាំង​ប្រជាការពារ​ និង​កម្មករអនាម័យក្រុង ចំនួន​២៨គ្រួសារ​ ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​។

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងអរគុណចំពោះកម្លាំងប្រជាការពារ
និង​កម្មករអនាម័យក្រុង ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ ​ចុះ​ធ្វើ​​ការ​កាយ​ស្តារ​លូ​ និង​សម្រួល​មុខ​ទឹក​ ក៏ដូចជា​ការ​ធ្វេី​អនាម័យ​ ដេីម្បី​ដោះស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​ ដែល​បាន​ជន់លិច​ផ្លូវ​ និង​​លំនៅឋាន​ពលរដ្ឋ នាពេលកន្លងមកមក​។

អភិបាលខេត្ត ក៏​បាន​អំពាវនាវ​
ដល់ពលរដ្ឋ ឲ្យ​បន្ត​ការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​ទប់ស្កាត់​ហានិភ័យ​ផ្សេងៗ​ ដែល​បង្ក​ឡើង​ដោយ​កត្តា​គ្រោះ​ធម្មជាតិ​។

អភិបាលខេត្ត ក៏បាន​​កោតសរសើរ​ចំពោះ​ការ​​ខិតខំ​ប្រឹងប្រែង​ និងកិច្ច​សហការ​គ្នា​ រវាង​​​​អជ្ញាធរ​ពាក់ព័ន្ធ​ ជាមួយ​មន្ត្រី​ជំនាញ​នានា​ ក្នុង​ការ​ប្រេីប្រាស់​​កម្លាំង​សរុប​ មធ្យោបាយ​សរុប​ ដើម្បី​រិះរក​វិធានការដោះស្រាយបានទាន់ពេល
វេលាផងដែរ។

គួរបញ្ចាក់ថា អំណោយរបស់ លោកហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនពលរដ្ឋ ២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល៕SRP