ពលរដ្ឋ​ជិត​៤០០គ្រួសារ​ រងផលប៉ះពាល់​ ដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយ របស់លោក ហ៊ុន ម៉ាណែត ​

ខេត្ត​កំពង់ចាម​៖ពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន​៣៧៨​គ្រួសារ​ មក​ពី​ស្រុក​ស្ទឹងត្រង់​ ​កងមាស​ ​កំពង់សៀម​ និង​ក្រុង​កំពង់ចាម​ ទទួល​បាន​អំណោយ​មនុស្សធម៌​របស់​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តាមរយៈ​លោក រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ​ និង​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងលោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ ការចែកនេះធ្វើឡើងនៅមុខសាលាខេត្ត នារសៀល​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​នេះ។

លោក អ៊ុន ចាន់ដា បានថ្លែងនូវអំណគុណ ចំពោះ លោក ហ៊ុនម៉ាណែត ដែលបានគិតគូអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហើយបានចាត់តាំងតំណាង នាំយកអំណោយមនុស្សធម៌ របស់លោក ផ្ដល់ជូនដល់ដៃ របស់បងប្អូនប្រជាពលរដ្ឋ​ ៣៧៨គ្រួសារ​ នាពេលនេះ ។ ជាមួយ​គ្នា​នោះ​លោក​អភិបាលខេត្ត​ ក៏បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ចុះធ្វើការវាយតម្លៃផលប៉ះពាល់ និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដើម្បី រៀបចំការស្តារឡើងវិញបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ និងការបង្កបង្កើនផល ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀងផងដែរ។

លោក រិន វិរៈ សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បាន​ថ្លែង​ថា ឆ្នាំនេះ ប្រទេសកម្ពុជា មានគ្រោះដល់ទៅ២ គឺ ៖ ទី១.គ្រោះជម្ងឺកូវីដ១៩ និងទី២.គ្រោះដោយជំនន់ទឹកភ្លៀង ទោះជា​យ៉ាងណា​ក្រោមការដឹកនាំដ៏ឆ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងបង្កាទប់ស្កាត់ជម្ងឺដ៏កាចសាហាវមួយនេះ មិនឲ្យឆ្លងចូលក្នុងសហគមន៍​នោះឡើយ​ ។ ដោយឡែក​ បច្ចុប្បន្ន​នេះ​ យើងកំពុងទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដែលកន្លងមក ប្រមុខដឹកនាំកម្ពុជា ក៏បានចុះចែកដោយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះ នៅតាមបណ្ដាខេត្តមួយចំនួន រួចមកហើយ ។

គួរបញ្ចាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ៣៧៨គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល ផងដែរ៕SRP