ខេត្តកំពង់ចាម៖ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបការងាររយៈពេល ៩ខែ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមមន្ត្រីឲ្យ បន្តការតាមដានអំពីស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈរៀបចំស្បៀង និងសម្ភារៈ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយធម្មជាតិ ជាពិសេសត្រូវចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ ដើម្បីរៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីទាំងអស់ដែលបានខិតខំ បំពេញការងារ សម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវស្ថេរភាពនយោបាយ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមួយចំនួន ជាពិសេសការដោះស្រាយនូវទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការងារបង្កបង្កើនផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
តាមបាយការណ៍ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេល ៩ខែ ឆ្នាំ២០២០នេះ បទល្មើសព្រហ្មទណ្ឌ មានចំនួន៣៥លើក (ធៀបឆ្នាំ២០១៩ ថយថុះ១២លើក) ។ បង្ក្រាបបាន ចំនួន៣៤ករណី ឃាត់ខ្លួន៥៨នាក់ (ថយចុះ១០ករណី) ។ ចំពោះករណីល្បែងស៊ីសងខុសច្បាប់ ៧៧ករណី ឃាត់ខ្លួន២០៩នាក់ និងករណីជួញដូរគ្រឿងញៀន ២៣៧ករណី ឃាត់ខ្លួន៨៨៦នាក់ ក្នុងនោះករណីប្រើប្រាស់គ្រឿនញៀន ៥៣ករណី ព្រមទាំងឃាត់ខ្លួន២០៧នាក់។ ដោយឡែកករណីគ្រោះថ្នាក់ ចរាចរកើតឡើង ចំនួន១៣៤លើក ស្លាប់មនុស្ស ៧១នាក់ របួស ១៩១នាក់ និងគ្រោះថ្នាក់ផ្សេងៗ កើតទ្បើងចំនួន២៧៤លើកផងដែរ៕SRP

