ក្រុមមន្ត្រីបើកកិច្ចប្រជុំ គម្រោងសាងសង់ផ្លូវ តភ្ជាប់ «បាត់ដំបង-សៀមរាប»

ខេត្តសៀមរាប៖ក្រុមមន្ត្រីនៅរសៀលទី២៦ ខែតុលា ម្សិលមិញបានបើក សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (វ.ហ.ប.ស.ព) លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ
និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION។

កិច្ចប្រជុំនេះធ្វើនៅសាលាខេត្តសៀមរាប
ក្រោមការដឹករបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានាផងដែរ។

អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថាកិច្ចប្រជុំនេះ បានឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖
១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។
២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។
៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕SRP