សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ។
ថ្លែងយ៉ាងដូច្នេះក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះជាង៤ម៉ឺនគ្រួសារដែលរងគ្រោះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ ដែលមានចំនួន២២នាក់បានបាត់បង់ជីវិត ក្នុង៣៩នាក់ទូទាំងប្រទេស។ ក្នុងនោះសម្តេចតេជោបានផ្តល់ជូនគ្រួសារដែលបាត់សជិកសម្រាប់រៀបចំបុណ្យសពចំនួន១២លានរៀល និងមានសប្បុរសជនបានបរិច្ចាគបន្ថែម ចំនួន៤លានទៀត ដូច្នេះ១គ្រួសារទទួលបាន១៦លានរៀល។ នេះគឺជារឿងដែលគួរអោយសោកស្តាយ ក៏ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវតែជួយគ្នាក្នុងគ្រាមានអាសន្ននេះ ។
សម្តេចតេជោបានមានប្រសាសន៍ថាអ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះអោយបានដើម្បីចៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។ សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕SRP