ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត«ខ្ចីម៉ូតូនិងទូរស័ព្ទ»និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០នេះនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ កែវ វណ្ណនូ ហៅសាក់ អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបបានដឹងថា កាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ជនសង្ស័យ បានមកលេងផ្ទះ ជនរងគ្រោះឈ្មោះ ស៊ឹម សឿម ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយបានខ្ចីម៉ូតូ របស់ជនរងគ្រោះម៉ាក ហុងដាវេវ សេ១១០ ពណ៌ ខ្មៅ លេខតួ និងម៉ាស៊ីនមិនចាំ ពាក់ស្លាកលេខ សៀមរាប ១AD_៥៥០៣ មួយគ្រឿងនិងទូរស័ព្ទមួយគ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកយកលុយ ប៉ុន្តែជិះទៅលក់ឲ្យឈ្មោះសុខា បារាំង ហៅសីយ ភេទប្រុសអាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃបានប្រាក់២០០ដុល្លារ ពេលចាយប្រាក់អស់ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ ទើបមកស្នាក់នៅ កន្លែងឃាត់ខ្លួនខាងលើ។
របាយការណ៍បានបញ្ជាក់ថាក្រោយពីការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃ របស់ជនរងគ្រោះ ពិតប្រាកដមែន។
ចំណែកទូរស័ព្ទដៃ គឺរូបគេបានអោយទៅមិត្តភក្តិរបស់គេឈ្មោះ នួន ប៊ុនតេពីន ភេទប្រុស អាយុប្រហែ២៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាតស្លក្រាម ក្រុងសៀមរាប បានគេចខ្លួនបាត់។
សូមជម្រាបថាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP