ខេត្តព្រះវិហារ៖ប្រជាពលរដ្ឋចំនួន១៧គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី២១ ខែតុលានេះ បានទទួលអំណោយពីអាជ្ញាធរស្រុកជ័យសែន ដឹកនាំដោយលោក រស់ ហេង អភិបាលស្រុក និងអង្គការវុលវេសិន។
អំណោយដែលចែកជូនពលរដ្ឋទាំង១៧គ្រួសារ ដែលរស់នៅក្នុងភូមិបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ក្នុង១គ្រួសារទទួលបានអង្ករ ១បេ ទម្ងន់២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ខ្លាញ់់២ដប ទឹកសុទ្ធចំណុះ ២០លីត្រ១ប៊ីដុង ផងដែរ។
លោកអភិបាលស្រុកបានបញ្ជាក់ថា នាពេលនេះទឹកបានស្រកជាបណ្ដើរៗហើយ។លោកថាពលរដ្ឋក្នុងស្រុកជ័យសែនដែលជួបទឹកជំនន់កន្លងមក មិនមានការបាត់បង់អាយុជីវិតនោះទេ។ គ្រាន់តែរងផលប៉ះពាល់ដំណាំ ស្រែ ចំការ និងសត្វពាហន:ប៉ុណ្ណោះ៕SRP

