ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងឃុំរំចេកជាង៥០គ្រួសារ បានទទួលអំណោយជាអង្ករនិងក្រមា ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក។
ពិធីចែកអំណោយនេះធ្វើនៅនៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២០នេះ នៅសាលាបឋមសិក្សាធ្លក ដែលស្ថិតក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមូលដ្ឋានផងដែរ។
លោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដី តែក៏ជាការចូលរួមរំលែកនូវលំបាករបស់ពលរដ្ឋផងដែរ។
លោកយូ ធុល នាយកក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែកក្នុងស្មារតីជួយដល់រដ្ឋរាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។
លោកយូ ធុល ក៏បានប្រាប់ពលរដ្ឋ ដែលមកទទួលអំណោយ ត្រូវអនាម័យឲ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវិដ១៩ផងដែរ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន១ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត។
សូមជម្រាបថាក្រុមហ៊ុន បុរីកុមារមាស ឯ.ក មានស្នាក់ការលក់ផ្ទះល្វែង និងដីឡូតិ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SRP

