ខេត្តសៀមរាប៖ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០២០នេះ បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋ នៅសាលាឃុំឃុនរាម ៦៦គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
អាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តមេត្តាធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដីក៏ជាការចូលរួមរំលែកយ៉ាងសំខាន់ផងដែរពេលពលរដ្ឋជួបការលំបាក។
លោកយូ ធុល នាយកក្រុមហ៊ុន បុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែក ក្នុងស្មារតីជួយដល់រាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាកមួយគ្រាផងដែរ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៣ឃុំទៀត នៅស្រុកបន្ទាយស្រី ដែលពួកគាត់មានជីវភាពខ្វះខាត៕SRP

