អភិបាលខេត្តកំពង់ចាម ជំរុញដល់កសិករឲ្យខិតខំ បង្កើនមុខរបបន្ថែម តាមរយៈ ការដាំដំណាំ និងចិញ្ចឹមសត្វ

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់ប្រជាកសិករ ឲ្យ​ខិតខំបង្កបង្កើន មុខរបរបន្ថែម តាមរយៈការដាំដុះដំណាំរួមផ្សំ និង​ការ​ចិញ្ចឹម​សត្វ​ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីទទួលបានផលទិន្នផលខ្ពស់ ប្រកបដោយគុណភាព ដែលអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម និងបានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។
ការ​ស្នើ​ឡើង​​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ចូលរួម​ចែកធាតុចូលកសិកម្ម ជូនប្រជាកសិករ​ ចំនួន​១១៧​គ្រួសារ​ ដែល​ជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​កំពង់ចាម​​ នៅព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នាំ​២០២០ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
លោក​​អភិបាលខេត្ត​ កក៏បានណែនាំ
ដល់ពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្ន
លើគ្រោះធម្មជាតិនានា ដែលតែងតែកើតមាន នាពេលបច្ចុប្បន្ន ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ជាដើម និងត្រូវចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស ការចូលរួមសហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន និងរាយការណ៍ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ​៕SRP