ភ្នំពេញ៖បុរីKP ម៉ន ដានី បាននាំអំណោយ ជួយដល់ពលរដ្ឋជាង៤.០០០ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់និងបាត់ដំបង។
បុរីKP ម៉ន ដានី បានឲ្យដឹងថាដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០ លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី និងស្វាមី ផង់ផាន់ ឃុនថាវង្ស បាននាំយកអំណោយជាច្រើនជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។
បើតាមបុរីKP ម៉ន ដានី បានឲ្យដឹងថាអំណោយ ដែលជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ទាំងអស់រួមមាន៖ អង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស ទឹកត្រី ៣២យួរ និង ទឹកស៊ីអ៉ីវ៣០យួរផងដែរ។
នៅក្នុងឱកាសផ្តល់អំណោយដល់ប្រជាពលរដ្ឋ លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ និងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន ក្នុងនាមជាប្រជាជាតិខ្មែរទាំងអស់»៕SRP

